កម្មករកម្មការិនីរោងចក្រកាត់ដេរនៅទូទាំងប្រទេសសប្បាយចិត្តនិងសាទរចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាឆ្នាំ២០២៤ដែ លរដ្ឋាភិបាលសម្រេចចិត្តបង្កើនចំនួន៤ដុល្លារបន្ថែមដែលកម្មករនឹងទទួលបាន២០៤ដុល្លារចាប់ពីខែមករាឆ្នាំ២០២៤។ សម្រាប់កម្មករការដំឡើងរបស់រដ្ឋាភិបាល គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ដោយវិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី និងវិបត្តិដែលអូសបន្លាយដោយជំងឺកូវីដ១៩ដែលមិនទាន់បញ្ចប់នៅឡើយ ហើយអ្វីដែលសំខាន់ មិនមានប្រទេសណាមួយនៅអាស៊ីដំឡើងប្រាក់ឈ្នួលឡើយនៅឆ្នាំ២០២៤នេះ។
កម្មការិនី ភន គឹមឡាំង កម្មករមកពីរោងចក្រSeduno Cambo Knitting Co.,Ltd នៅថ្ងៃទី២៩ ខែកញ្ញានេះ សប្បាយចិត្តជាខ្លាំងបន្ទាប់ពីដឹងដំណឹងថា រដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៤។ ការដំឡើងនេះ នឹងជួយសម្រួលបន្ថែមទៀត ហើយអ្វីដែលសំខាន់នោះ គឺការរក្សាបានការងារធ្វើ។ នេះបើតាមការបញ្ជាក់ដដែល។
ទន្ទឹមនឹងនេះ លោក សឿន ចិត្ត កម្មករមកពីរោងចក្រChing Sreng Industrial ក៏មិនខុសពីកម្មករដទៃទៀតដែរ សប្បាយចិត្តព្រោះបច្ចុប្បន្ន ការងារចាប់ផ្តើមមាធ្វើឡើងវិញច្រើន។ ប៉ុន្តែលោកក៏បានស្នើសុំឱ្យបញ្ចុះតម្លៃផ្ទះឈ្នួលដែលនឹងជួយសម្រាលបន្ទុកកម្មករបន្ថែមទៀត។
ដោយឡែក កម្មករិនី ស៊ុន គឹមអេង មកពីរោងចក្រVonammy (Cambodia) Garment Co.,Ltd បានសង្កត់ធ្ងន់ថា ការប្រកាសដំឡើងរបស់រដ្ឋាភិបាលនេះ គឺជាកម្លាំងចិត្តរបស់កម្មករគ្រប់រូបដើម្បីបន្តបំពេញការងារបន្ថែម។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ប្រាក់ឈ្នួលជូនកម្មករចំនួន៤ដុល្លារ បន្ថែមលើឆ្នាំចាស់ដែលមានចំនួន២០០ដុល្លារក្នុងមួយខែ។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់បន្ថែមថា លោកនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល នឹងបន្តកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ៕ប្រភពអាកាប៉េ