រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel ) ស្ថិតនៅមាត់ទន្លេ កែងស្ពានព្រះមុនីវង្ស មហាវិថីព្រះ នរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានរៀបចំកិច្ចពិភាក្សា តុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន»។ កិច្ចពិភាក្សានេះរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា។
ក្នុងកិច្ចពិភាក្សាតុមូលនេះ បានធ្វើឡើងស្របពេលដែលកម្ពុជា-ជប៉ុន បានប្រារព្ធខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
នាឱកាសនោះ លោកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើជា វាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដោយផ្តើមពីការធ្វើ បទបង្ហាញអំពីគោលនយោបាយ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយ ផ្សេងៗទៀតដល់កម្ពុជា។ លោកឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ជប៉ុននិងបន្តកិច្ចសហការគ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាលកម្ពុជា។
អ្នកសារព័ត៌មានបានលើកជាសំណួរពាក់ពន្ធ័នឹងទំនាក់ទំនង កម្ពុជា-ជប៉ុន ទាក់ទងនឹងជំនួយ និងសំណួរផ្សេងៗទៀតសម្រាប់យកទៅផ្សព្វផ្សាយជាព័ត៌មាន។
គួរជម្រាបជូនថា កិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នេះ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀត អំពីតួនាទីរបស់ប្រទេសជប៉ុន សម្រាប់ការ អភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ៕