ក្រុមអ្ន​ក​ជួ​​​ស​ជុ​​ល​ប្រា​សា​ទ​បុ​រា​ណ​ ប​ង្ហា​ញ​កា​​រ​តាំ​ង​ចិ​ត្ត ​ក្នុ​ង​កា​រ​ជួ​ស​​ជុ​ល​ ដោ​យ​​ប្រើប​​ច្ចេ​ក​ទេ​ស​បុ​រា​ណ​

ខេត្តសៀមរាប ៖ ​ក្រុមកា​រ​ងា​រ​ជួ​ស​ជុ​ល​មួ​យ​ក្រុ​ម​នៅ​កា​រ​ដ្ឋា​ន​ជ្រុ​ង​និ​រ​តី​​នៃ​ប្រា​សា​ទ​បា​យ័​ន​ ​កំ​ពុ​ង​មា​ន​ស​ក​ម្ម​ភា​ព​ម​មា​ញឹ​ក​រៀ​ប​ចំ​ថ្ម​ដែ​ល​បា​ន​រើ​ចេ​ញ​ដោ​យ​សា​រ​ក្រៀកហែ​ក ​និ​ង​រៀប​​ចំ​ទៅ​តា​ម​ក​ន្លែ​ង​ដើ​ម​វិ​​ញ​ម្ត​ង​មួ​យ​ដុំ​ៗយ៉ា​ង​យ​ក​ចិ​ត្ត​ទុ​ក​ដា​​ក់ ​​និ​ង​អ​ត់​ធ្ម​ត់​បំ​ផុ​ត​។

ពេលខ្លះក្រុមការងារនេះ ក៏ត្រូវរៀបផ្កុំថ្មជាច្រើនសារដើម្បីឱ្យត្រូវតាមលំនាំដើម និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុលប្រាសាទបុរាណ ដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើមរបស់ប្រាសាទនិងគោរពតាមធម្មនុញ្ញអង្គរផង។
លោក ឆម ប្រុញ ជាអ្នកភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ដំបូងពីឆ្នាំ២០០២ធ្វើជាភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត ហើយបន្ទាប់មកបានផ្លាស់ប្តូរទៅជាអ្នកជួសជុលប្រាសាទវិញនោះ មានប្រសាសន៍ថា ការងារជួសជុលនៅជ្រុងនិរតីនៃប្រាសាទបាយ័ន មានទីធ្លាតូចចង្អៀត ដែលគ្រប់ពេលត្រូវតែប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ណាមួយ ដល់ក្រុមការងារ និងប៉ះពាល់ដល់ថ្ម។ លោកមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការងាររើថ្មដែលក្រៀកហែក និងបុកបង្ហាប់គ្រឹះ រួចហើយត្រូវរៀបថ្មឡើងវិញ។ ក្នុងកិច្ចការងារនេះ លោកក៏ធ្វើការងាររៀបថ្មផង ហើយពេលណាខ្វះកម្លាំងលោកក៏ជួយអូសថ្មដែរ។ ការងារជួសជុលប្រាសាទបុរាណនេះ ក្រៅតែពីប្រើជំនាញនិងបច្ចេកទេស ការផ្តល់យោបល់រកដំណោះស្រាយពេលជួបបញ្ហានិងការស្តាប់យោបល់ទាំងអស់គ្នាក៏ជាវឌ្ឍនភាពការងាររលូនទៅមុខដែរ។

លោក ឆម ប្រុញ មិនធ្លាប់សង្ឃឹមថា រូបលោកអាចក្លាយទៅជាអ្នកធ្វើការងារជួសជុលប្រាសាទបានឡើយ។ ប៉ុន្តែនៅពេលរៀបថ្មធ្វើការផ្ទាល់ជាមួយប្រាសាទ បានធ្វើឱ្យរូបលោកមានជំនាញនិងចំណេះដឹងច្រើនបន្តពីស្នាដៃដូនតាព្រោះ ថ្មប្រាសាទបុរាណមានល្បាក់ មានក្បាច់និងមានគំរូដើមរួចហើយ ដោយគ្រាន់តែយកក្បួនលំអានបុរាណធ្វើជាគ្រូប៉ុណ្ណោះ។
លោក ភី ផាន ជាអ្នកភូមិស្រះស្រង់ខាងត្បូង ឃុំក្រវ៉ាន់ ស្រុកនគរធំ ជាអ្នកជួសជុលប្រាសាទបុរាណម្នាក់ទៀតនៅក្នុងរមណីយដ្ឋានអង្គរជាង២០ឆ្នាំហើយ។ លោកមានប្រសាសន៍ថា អ្វីដែលលំបាកសម្រាប់ក្រុមការងារជួសជុលថ្មភក់ គឺការរៀបចំផ្គុំថ្មមិនត្រូវតាមលំនាំដើម ដែលទាមទារពេលវេលា ការអត់ធ្មត់ និងការសាមគ្គីជាចាំបាច់។ ពេលខ្លះលោកក៏អន់ចិត្តនិងខ្លួនឯងដែលរៀបថ្មមិនត្រូវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *