ដំណឹងល្អ ផ្លូវល្បឿ​​ន​លឿ​នភ្នំ​ពេ​​ញ​-​បា​វិ​ត​ ​នឹ​ង​​បើ​ក​កា​រ​ដ្ឋា​ន​ នៅ​ដើម​​ខែ​មិ​ថុ​នា

រាជធានីភ្នំពេញ ៖ ក្រ​សួ​ង​សា​​ធា​រណ​​កា​រ​ ​និ​ង​ដឹ​ក​ជ​ញ្ជូ​ន​ ​នឹ​ង​រៀប​ចំ​​ពិធី​បើ​ក​ការ​ដ្ឋា​​ន​សា​ង​ស​ង់​ផ្លូ​វ​ល្បឿ​ន​លឿនភ្នំ​ពេ​ញ​-​បា​វិ​ត​ ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​៣​ខា​ង​មុ​ខ​នេះ​ ​ក្រោ​មអ​ធិ​ប​តី​ភា​ព​​នា​យ​ក​រ​ដ្ឋម​ន្ត្រី​ក​ម្ពុជា​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន ​សែ​ន​។​

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយពេលសាងសង់រយៈពេល៤ឆ្នាំ ក្នុងទំហំទឹកប្រាក់១៤០០លានដុល្លារ ដែលផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះមានប្រវែងចំនួន១៣៥គីឡូម៉ែត្រ។ ស្ថិតក្នុងគម្រោងនេះ ក្រសួងសាធារណការក៏នឹងកសាងស្ពានឆ្លងទន្លេមេគង្គប្រវែង២២៥០ម៉ែត្រដែលតភ្ជាប់ពីផ្លូវល្បឿនលឿន ទៅស្រុកល្វាឯម ដោយប្រើថវិកាជាតិ។

បើតាមលោក រដ្ឋមន្ត្រីក្រសួងសាធារណការ នៅថ្ងៃខាងមុខទៀត ក្រសួងសាធារណការនឹងបន្តសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីក្រុងបាវិតទៅក្រុងហូជីមិញ ប្រទេសវៀតណាម។ លោកថ្លែងថា៖«យើងធ្វើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ៤ឆ្នាំ ធ្វើឱ្យទាន់ពេលវេលាភាគីវៀតណាមសាងសង់ផ្លូវល្បឿនលឿនពីហូជីមិញ ទៅម៉ុកបៃ ដែលតភ្ជាប់ជាមួយក្រុងបាវិត។ យើងកំពុងតែឱ្យក្រុមការងាររបស់យើងទៅបញ្ជាក់ជាមួយវៀតណាម នៅទីតាំងតភ្ជាប់(ក្រុងបាវិត-ហូជីមិញ)ពីចំណុចណា ដែលយើងបានចុះហត្ថលេខាMOU គ្នារួចហើយតាំងពីឆ្នាំ២០១៧»។

លោកបានអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងជួយឱ្យមានកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម និងរវាងវៀតណាម និងថៃ។ លោកបញ្ជាក់ទៀតថា តាមរយៈគម្រោងនេះ នឹងជួយឱ្យការដឹកជញ្ជូនទំនិញចំណេញពេលវេលា។

ចំពោះគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រុមហ៊ុនចិននឹងគ្រោងបញ្ចប់ការសិក្សាគម្រោងនៅចុងខែឧសភានេះ ហើយក្រសួងសាធារណការសង្ឃឹមថា ការសិក្សានេះនឹងអាចឈានដល់ការចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាបឆាប់ៗខាងមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *