អភិបាលរាជធានី ផ្តាំផ្ញើអោយសិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹង និងចៀសអោយផុតពីទង្វើខុសច្បាប់ដើម្បីអនាគតភ្លឺថ្លា សមនឹងពាក្យស្លោក “ទំពាំងស្នងប្ញស្សី យុវជនប្រុសស្រីស្នងជាតិ”

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើអោយក្មួយៗសិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូ-អ្នកគ្រូ ឱ្យបានជ្រៅជ្រះ និងសូមអោយក្មួយៗប្រុងប្រយ័ត្ន គេចឱ្យឆ្ងាយពីសកម្មភាពមិនគប្បី និង ឥទ្ឋិពលអវិជ្ជមានទាំងឡាយ ដែលបានកើតមានក្នុងសង្គម ដូចជា ការលេងល្បែងស៊ីសង ការប្រព្រឹត្ត អំពើពាលាអាវាសែ ការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តបទល្មើសផ្សេងៗ ក្មេងទំនើង បងតូចបងធំ និងទង្វើខុសច្បាប់ផ្សេងៗ ដើម្បីអនាគតដ៏ ភ្លឺថ្លាត្រចះត្រចង់ នាពេលអនាគត សមនឹងពាក្យស្លោក “ទំពាំងស្នងប្ញស្សី យុវជនប្រុសស្រីស្នងជាតិ”។
ការផ្តាំផ្ញើបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីបើក​បវសន​កាល​ឆ្នាំសិក្សា ២០២២-២០២៣ និងចែករង្វាន់ដល់សិស្សពូកែសម្រាប់ក្របខ័ណ្ឌអប់រំទូទាំងរាជធានីភ្នំពេញជាង ៤០០០នាក់នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលក្នុងសម័យកាលនោះ បានបើកបវេសនកាលឱ្យសិស្សានុសិស្ស បានចូលរៀនសូត្រឡើងវិញ សម្រាប់ឆ្នាំសិក្សា១៩៧៩-១៩៨០ ជាលើកដំបូង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ ហើយចាប់តាំងពីពេលនោះមក រហូតដល់ពេលបច្ចុប្បន្ននេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែណែនាំដល់ក្រសួងជំនាញ និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យរៀបចំពិធីបើកបវេសនកាលជារៀងរាល់ឆ្នាំ ដោយហេតុថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃការអប់រំ និងបានចាត់ទុកវិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត ដូចបានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានធាតុចូលចាំបាច់បំផុតចំនួន៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព នោះគឺ “មនុស្ស ទឹក ផ្លូវ និងភ្លើង”។
ឯកឧត្តម ឃួង ស្រេង បន្តថា ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣នេះ បានប្រព្រឹត្តទៅជាប្រក្រតី និងជាបវេសន​កាល ឆ្នាំទី២ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ។សមិទ្ធផលដ៏ធំធេងទាំងនេះ គឺផ្តើមចេញអំពីការដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការនានា ប្រកបដោយ ប្រសិទ្ធភាពរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទន្ទឹមគ្នាទៅនឹងការដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ស្របតាម “អភិក្រមផ្ការីក” ទាំងដូសមូលដ្ឋាន និងដូសជំរុញ ចាក់ជូនប្រជាពលរដ្ឋពោលគឺ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្តស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសក្មួយៗសិស្សានុសិស្សទាំងអស់ និងក្រុមគ្រួសារ ពីមាត់ជ្រោះ មរណៈនៃជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ។បន្ថែមលើនេះ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយ ភាពជោគជ័យយ៉ាងត្រចះត្រចង់ ទាំងលើទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចសហប្រតិបត្តិការ ទន្ទឹមគ្នាទៅនឹងការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និងក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្ត អញ្ជើញមកចូលរួមកិច្ចប្រជុំនៅរាជធានីភ្នំពេញ ដែលនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីតម្លៃដ៏មហាសាលនៃ “សន្តិភាព” និងអ្វីដែលជា “កម្ពុជាពិត” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺសុះសាយទៅក្នុងតំបន់ និងពិភពលោក ស័ក្តិសមបំផុតទៅនឹងការទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក” ដែលវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានប្រគល់ជូនសម្តេច កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *