សេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership Contract) នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និងឈានទៅរកការចុះកិច្ចសន្យានាដើមឆ្នាំក្រោយ

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership Contract) នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមពី ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងស្ថាប័ន អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរមតិយ៉់ាងផុសផុល នៅលើចំនុចសំខាន់ៗមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តទៅបានដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។
ជាលទ្ធផល បន្ទាប់ពីបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ ភាគីពាក់ព័ន្ធទាំងអស់បានសម្រេចឯកភាព ផ្តល់ការយល់ស្របទៅលើខ្លឹមសារនៃសេចក្តីព្រាងនៃកិច្ចសន្យាខាងលើ ហើយនឹងត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីឈានទៅរកការចុះហត្ថលេខា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន នាដើមឆ្នាំ២០២៣ខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *