សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី+២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វឿង ឌីញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃប្រទេសវៀតណាម។
តាមការឲ្យដឹងពី ​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម វឿង ឌីញហ្វេ បានគោរពសម្ដែង​នូវការរីករាយ​ចំពោះ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានកម្មវិធីជាច្រើន​បានរៀបចំឡើងក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់ដឹកនាំ ទាំងរវាងប្រជាជននិងយុវជន។
ឯកឧត្តម ក៏បានគោរពសម្ដែងនូវការសាទរ ជូនចំពោះសម្ដេចតេជោផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងជោគជ័យ បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងបានសំដែងនូវការអបអរសាទរផងដែរ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងធំធេង។
ឯកឧត្តមក៏បានសម្ដែងសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ហើយក៏បានឆ្លៀតឱកាសនេះ ស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរ និងឲ្យបានគ្រប់វិស័យ។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វឿង ឌីញហ្វេ ចំពោះការវាយតម្លៃនៃ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរផង​ និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផង។សម្ដេចតេជោបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានសភាវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *