លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្ដាយមនុស្សធម៌ និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី និងសមិទ្ធផលនានា

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្ដាយមនុស្សធម៌ និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាបញ្ញា។
ពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅសាលាបឋមសិក្សា បញ្ញា នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌ ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯឧកត្តមប្រធានក្រុមប្រឹក្សានិងអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីរាជការចំណុះសាលាស្រុកសង្កែ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបជាង ១០០០នាក់។
សាលាបឋមសិក្សា បញ្ញា មានទីតាំងស្ថិតនៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ អំណោយអគារសិក្សាថ្មីផ្ដល់ជូនដោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលប្រារព្ធពិធីសម្ពោធនាពេលនេះ មាន១ខ្នង ស្មើនឹង ៥បន្ទប់។ ទន្ទឹមគ្នានឹងផ្ដល់ជូនអគារសិក្សាថ្មី សម្ដេចក្រឡាហោម និងលោកជំទាវ ក៏បានផ្ដល់ជូនបន្ថែមនូវក្លោងទ្វារសាលារៀន និងដងទង់ជាតិផងដែរ។ សរុបការចំណាយក្នុងដំណើរការសងសង់សមិទ្ធផលទាំងនេះ អស់ទឹកប្រាក់ប្រមាណ ៧៤.០០០ ដុល្លារអាមេរិក។
ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមចំណែកជាមួយសម្ដេចក្រឡាហោម និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយកសាងបាននូវអគារសិក្សា ក្លោងទ្វារ និងដងទង់ជាតិ នៅសាលាបឋមសិក្សា បញ្ញា ជាប្រយោជន៍សម្រាប់គាំទ្រដល់ដំណើរការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ឯកឧត្តមបានចូលរួមអបអរសាទរជាមួយ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសាលាបឋមសិក្សា បញ្ញា ដែលទទួលបានសមិទ្ធផលនេះ។
នាឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានជម្រាបជូនអង្គពិធីអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដែលនាំមកនូវកិត្តិយសជូនជាតិ និងប្រជាជន តាមរយៈការទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំបរទេសនានា និងប្រធានស្ថាប័នអន្តរជាតិធំៗ ប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព។ ឯកឧត្តម ក៏បានយកឱកាសនោះ ថ្លែងគោរពបួងសួងជូនសម្ដេចតេជោ ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ផងដែរ។
ក្នុងឱកាសនៃពីធីសម្ពោធអគារសិក្សាថ្មី ក្លោងទ្វារ និងដងទង់ជាតិនៅសាលាបឋមសិក្សា បញ្ញា នេះដែរ លោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ស សុខា និងលោកជំទាវ កែ សួន សុភី ស សុខា បានផ្ដល់កង់ថ្មី និងសម្ភារៈសិក្សាជូនសិស្សានុសិស្សសាលាបឋមសិក្សា បញ្ញា ចំនួន២៥០នាក់ ផ្ដល់ជូនកងកម្លាំងទាំង ៣ប្រភេទ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងប្រជាការពារសរុប ១៦៥នាក់ ក្នុងម្នាក់ថវិកា ៥០,០០០រៀល យុវជនកាយរិទ្ធ កាក្របាទក្រហម និងយុវជន ស.ស.យ. សរុប៦០នាក់ ក្នុងម្នាក់ថវិកា៣០ ០០០រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *