អភិបាលរាជធានី៖ អាជ្ញាធររាជធានីភ្នំពេញ និងប្រជាពលរដ្ឋរាជធានីភ្នំពេញ មានកាតព្វកិច្ចចូលរួមលើកតំកើងសោភណ្ឌភាព បរិស្ថានទីក្រុងនិងផ្តល់កិត្តិយស មុខមាត់រាជធានីភ្នំពេញក៏ដូចជាប្រទេសជាតិ

ភ្នំពេញ៖ រាជធានីភ្នំពេញក្នុងសុខសន្តិភាព ផ្តើមចេញពីសុខសន្តិភាពពេញផ្ទៃប្រទេស បានផ្តល់ឱកាសមាសក្នុងដំណើរការអភិវឌ្ឍន៍ទូទាំងប្រទេសជាលើកដំបូងក្នុងរយៈពេលជាង២ទស្សវត្សកន្លងទៅ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពបានធ្វើឲ្យភាគីជំលោះទំលាក់អាវុធចុះ និងរួមរស់ក្នុងមហាគ្រួសារខ្មែរក្រោមដំបូល ព្រះមហាក្សត្សតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ។
ផ្តើមចេញពីកត្តាសន្តិភាពនេះហើយ ទើបកម្ពុជា មានឧិកាសអភិវឌ្ឍន៍ដោយប្រែក្លាយពីសំឡេងអាវុធមកសំឡេងសូត្រធម៌ និងសំណើចក្អាកក្អាយរបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សរបស់យើង។ កម្ពុជាមានឈ្មោះបោះសំឡេងនិងកំពុងបោះជំហ៊ានយ៉ាង​លឿនចូលក្នុងរបទថ្មីទាំងលើឆាកជាតិនិងអន្តរជាតិធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់លើឆាកតំបន់និងអន្តរជាតិផងដែរ។ ព្រឹត្តិការលេចធ្លោដែលជាកិត្តិយសដ៏ធំធេងសំរាប់ជាតិនាពេលនេះ គឺកម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេនសំរាប់ឆ្នាំ២០២២ សំរាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធពីថ្ងៃទី១០ ដល់១៣វិច្ឆិកា ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ។ ក្នុងនាមជាម្ចាស់ផ្ទះនៃទីតាំងប្រារព្វកិច្ចប្រជុំកំពូលអាស៊ាននេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ដើម្បីការពារសន្តិសុខជូនប្រតិភូដែលមានប្រមាណ ២៨ប្រទេស និងដៃគូសន្ទនាបានអញ្ជើញ​មកចូលរួមក្នុងកិច្ចប្រជុំនេះជាបន្តបន្ទាប់។ ក្រៅពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវ រដ្ឋបាលរាជធានីភ្នំពេញ នៅបានរៀបចំកែលំអរសោភណ្ឌភាព បរិស្ថាន សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធទូទាំងរាជធានីភ្នំពេញ ឲ្យមានសម្រស់ស្រស់បំព្រងថែមទៀតដើម្បីចូលរួមលើកកំពស់មុខមាត់ប្រទេសជាតិ ក្នុងព្រឹត្តិការដ៏សំខាន់នេះ។ ដំណាក់កាលចុងក្រោយនេះ រាជធានីភ្នំពេញទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីគណៈប្រតិភូវិនិយោគិននិងភ្ញៀវទេសចរណ៍ដែលបានមកដល់រាជធានីភ្នំពេញ និងបានឃើញដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនឹកស្មានមិនដល់។ កិច្ចប្រជុំកំពូលអាស៊ាន បានធ្វើអោយកម្ពុជាកាន់តែមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។ កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះក៏មានការអញ្ជើញចូលរួមពីឯកត្តមឧអគ្គលេខាធិការ អង្គការសហប្រជាជាតិផងដែរ ដែលជាកិត្តិយសដ៏ធំធេងបំផុតសំរាប់កម្ពុជាដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានអាស៊ាននៅឆ្នាំនេះ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធគឺជាចំណុចខ្ពស់បំផុត។ ទន្ទឹមគ្នានេះ រាល់ការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ ឬការតវ៉ាណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិ គឺមិនត្រូវអោយកើតមានដាច់ខាត។
អាជ្ញាធររាជធានីភ្នំពេញ និងប្រជាពលរដ្ឋរាជធានីភ្នំពេញ មានកាតព្វកិច្ចចូលរួមលើកតំកើងសោភណ្ឌភាព បរិស្ថានទីក្រុងនិងផ្តល់កិត្តិយស មុខមាត់រាជធានីភ្នំពេញក៏ដូចជាប្រទេសជាតិយើងទាំងមូល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *