រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំកំពូលអាស៊ាននិងអាយប៉ា

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំកំពូលអាស៊ាន និងអាយប៉ា។ នេះបើអគ្គលេខាធិការដ្ឋានរដ្ឋសភា។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគម ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងអន្តរសភាអាស៊ាន (អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (4″ 413 ASEAN Summit) ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នឹងចូលរួមផ្ដល់នូវអនុសាសន៍ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន នៅក្នុងកិច្ចប្រជុំរៀបចំសេចក្តីព្រាងសារ អាយប៉ា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារកាំបូឌីយ៉ាណា។
គណៈប្រតិភូសភា នៃបណ្តាប្រទេសជាសមាជិកអាយប៉ា នឹងនាំយកនូវធាតុចូល ដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវ ថ្លែងដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវន អន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។
សូមជម្រាបថា កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅរាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការ របស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងការពន្លឿន និងជម្រុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។
គួររម្លឹកផងដែរថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើម អនុវត្តន៍ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ូហ៊ីន ព្រះរាជាណាចក្រថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ហើយចាប់ពីពេលនោះមក កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅចំនួន១០លើក រួចមកហើយ ដែលលើកចុងក្រោយ នៅឆ្នាំ២០២០ ធ្វើនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធ និមិ្មត ហើយឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលរៀបចំ និងដឹកនាំកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *