ភ្នំពេញ៖ សកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណ២០០០នាក់មកពីរោងចក្រចំនួន៥នៅរាជធានីភ្នំពេញ ដែលក្នុងនោះមានទាំងសកម្មជនដ៏សកម្មរបស់ទណ្ឌិត សម រង្សី ក្នុងការបង្កើតព្រឹត្តការណ៍ហឹង្សានៅក្នុងឆ្នាំ២០១៣ផងដែរនោះ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោយពីពួកគាត់អស់ជំនឿលើទណ្ឌិត សម រង្សី និងមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណោលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា (សកម្មជនអតីតគណបក្សសង្រ្គោះជាតិ) ទាំងប្រមាណ២០០០នាក់ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន កម្មករ កម្មការិនីទាំងប្រមាណ២០០០នាក់ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចេញពីការដឹកនាំរបស់ទណ្ឌិតសមរង្ស៊ីដែលជាជនក្បត់ជាតិបីជំនាន់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេច បានរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងបានអភិវឌ្ឍន៍កម្ពុជាចេញពីចំណុចសូន្យរហូតមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចុងក្រោយនេះ សម្តេចនូវបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីជម្ងឺកូវីដ-១៩ ជាលើកទី២ ថែមទៀត តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីកជូនប្រជាពលរដ្ឋ។ សម្ដេចតេជោនូវបានគៀងគរភ្ញៀវ អ្នកវិនិយោគទុនមកបណ្ដាក់ទុនរកស៊ីនៅស្រុកខ្មែរ បង្កើតឲ្យមានរោងចក្រ សហគ្រាស ដើម្បីឲ្យបងប្អូន កម្មករ កម្មការិនីយើងមានការងារធ្វើ។ តែសម្រាប់ទណ្ឌិត សម រង្ស៊ី វិញ មិនបានធ្វើអ្វីដើម្បីបងប្អូនប្រជាពលរដ្ឋនោះទេ។ តែបែកជាបំភ្លេចបំផ្លាញបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីទៅវិញ ដោយការសុំទៅក្រៅប្រទេសឲ្យផ្ដាច់ជំនួយ មករាជរដ្ឋាភិបាលកម្ពុជា ការផ្តាច់ជំនួយនេះ អ្នកដែលស្លាប់មុនគេគឺ បងប្អូននកម្មករ កម្មការិនីនេះហើយ ដែលនេះជាចំណុចដែលបងប្អូនត្រូវគិតគូរពិចារណា។
គួរបញ្ជាក់ផងដែរថា ការផ្ដាច់ខ្លួនចេញពីការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី ពីសំណាក់បងប្អូនកម្មករកម្មការិនីប្រមាណ ២០០០នាក់នេះ គឺស្របពេលសមាជិកក្រុមប្រឹក្សាសង្កាត់និងចៅរងសង្កាត់ជាច្រើនរូប មកពីគណបក្សភ្លើងទៀន បានផ្តិតមេដៃចេញសារថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕