សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលតែងតែផ្តល់លទ្ធភាពទីមួយ លើការអភិវឌ្ឍធនធានមនុស្សដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

(រាជធានីភ្នំពេញ)៖ ថ្លែងក្នុងឱកាសនៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលតែងតែផ្តល់លទ្ធភាពទីមួយ លើការអភិវឌ្ឍធនធានមនុស្សដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា”។

ក្នុងឱកាសនោះដែរ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាតដែលទទួលបានសមិទ្ធិផលជាមោទនលើការងារអប់រំ ការអភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡា ជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ៨ចំណុចស្របតាមបរិការណ៍ថ្មីនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក។ សម្តេចមានមោទនភាពចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានធ្វើកិច្ចសហការយ៉ាងជិតស្និតចំពោះថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងអាជ្ញាធរដែនដីក្នុងការស្តារ និងអភិវឌ្ឍវិស័យអប់រំ ឱ្យមានការរីកចម្រើនស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនៃពិធីបិទសន្និបាតនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៦ចំណុចសម្រាប់អនុវត្តបន្តដូចជា៖
១.បន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ បុរេសកម្មឆ្លើយតបទៅនឹងបរិការណ៍ជាតិ-អន្តរជាតិ
២. កសាង និងអភិវឌ្ឍប្រព័ន្ធអប់រំតាមរយៈការធានាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់
៣. បន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល
៤. បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម
៥. បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ
៦. បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម “៣កុំ និង៣ការពារ” ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាព ចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកក្រសួងអប់រំ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលមិនត្រឹមតែប្រឹងប្រែងការពារខ្លួនឯងពីជំងឺកូវីដ១៩ប៉ុណ្ណោះទេ តែបានជួយអប់រំដល់សិស្សឱ្យចូលរួមអនុវត្តន៍វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងការចូលរួមចាក់វ៉ាក់សាំង និងបានបានណែនាំឱ្យលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់តាមដានឱ្យជាប់លើស្ថានភាពជំងឺកូវីដ១៩ នៅតាមគ្រឹះស្ថានសិក្សា។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកថ្ងៃទី៣ ខែឧសភា ជួបសិស្សនិទ្ទេស A ដែលមានជាង ១ពាន់នាក់។

សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារអប់រំ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ការអនុវត្តការងារប្រចាំឆ្នាំធៀបនឹងទិសដៅដែលបានដាក់ចេញក្នុងសន្និបាតកន្លងមក ការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ។ សន្និបាតអប់រំ បានផ្តល់កាលានុវត្តភាពសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាអំពីការបំពេញការងារ កំណត់ពីបញ្ហាប្រឈមជាក់លាក់សម្រាប់ឆ្នាំខាងមុខ និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ លទ្ធផលសន្និបាតអប់រំ នឹងផ្តល់ជាធាតុចូលដ៏មានសារសំខាន់សម្រាប់កែលម្អផែនការយុទ្ធសាស្រ្តវិស័យអប់រំ រៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការវិនិយោគសាធារណៈ ផែនការប្រតិបត្តិប្រចាំឆ្នាំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *