រាជធានីភ្នំពេញ ៖ កម្ពុជាដែលជាម្ចាស់ផ្ទះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់រួចមកហើយ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ខណដែលកម្ពុជាក៏បាននិងកំពុងរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២បន្តទៀត។
ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានការចូលរួមពីបណ្តាប្រទេសដូចជា ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រខាងកើត និងប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១.៤២៣ នាក់ លើវិញ្ញាសា ១៦០ ក្នុង ១៤ ប្រភេទកីឡា។
សូមជម្រាបថា កីឡាករ កីឡាការិនីកម្ពុជា ចំនួន ៣១៧ នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីទទួលបានសិទ្ធិពីប្រទេសឥណ្ឌូណេស៊ី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ តែងតែកើតឡើងក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេមរយៈពេល២សប្តាហ៍។
គួររម្លឹកថា កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ២៨ ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ក្នុងនោះ រួមមានមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ក្នុងវិញ្ញាសា បូស៊ីយ៉ា បាល់ទះអង្គុយបុរស បាល់បោះរទេះរុញនារី វាយកូនឃ្លីលើតុ អុក អត្តពលកម្ម និងហែលទឹក។
អត្តពលិកដែលចូលរួមប្រកួតក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម មានពិការភាពច្រើនប្រភេទ រាប់ចាប់ពីស្ពឹក ពិការខួរក្បាល ពិការភាពចល័ត ពិការភ្នែក រហូតដល់ពិការបញ្ញា។ ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា ដោយមានការត្រួតពិនិត្យដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី៕