ក្រោមច្បាប់នៃការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានដាក់ឱ្យអនុវត្តន៍កាលពីឆ្នាំ២០២០ គឺរដ្ឋពុំទាន់ទទួលបានចំណូលអ្វីជាដុំកំភួននៅឡើយទេ ។ តែបើយើងនិយាយពីការអនុវត្តទៅតាមច្បាប់ គឺយើងធ្វើបានល្អ មានន័យថា គិតជាភាគរយនៃកំណើន នៃច្បាប់ថវិកាជាតិ គឺយើងប្រមូលចំណូលពីវិស័យល្បែងផ្សងសំណាង ដែលស្ថិតនៅក្រោមច្បាប់ នៃការគ្រប់គ្រងពាណិជ្ជកម្ម បានរហូតដល់ទៅ ១១៤ភាគរយ គឺលើសផែនការ។ តែបើគិតជាសាច់ប្រាក់គឺនៅតិចតួចនៅឡើយ គឺមិនដល់ ១លានដុល្លារអាម៉េរិកផងទេ សម្រាប់ឆ្នាំ២០២៣កន្លងទៅនេះ ។
ខាងលើនេះគឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីចំណូលរដ្ឋឆ្នាំ២០២៣ ដែលបានមកពីវិស័យល្បែងផ្សងសំណាង ដែលឆ្លើយដោយ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បន្ទាប់ពីការបិទបញ្ចប់នូវកិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារសុខា ភ្នំពេញ រយៈពេលពេញ១ថ្ងៃ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឯកឧត្តម បានអះអាងថា ចំពោះក្រុមហ៊ុនល្បែងផ្សងសំណាងនៅកម្ពុជា ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានតែ ២១ក្រុមហ៊ុនប៉ុណ្ណោះ ដែលមានសាខាចំនួន ៤៥ និងប៉ុស្តិ៍សេវាចំនួន ៩០ ។ តែផ្ទុយទៅវិញកិច្ចប្រតិបត្តិការជាក់ស្តែង វាមានរហូតទៅដល់រាប់ពាន់កន្លែងឯណោះ ។ ការណ៍នេះគឺវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ប្រសិនបើយើងមិនពង្រឹងការគ្រប់គ្រងឱ្យបានល្អទេនោះ ។
ឯកឧត្តម រស់ ភីរុណ បានពន្យល់ថា ល្បែងផ្សងសំណាងដែលរួមមាន៖ ឆ្នោតកោស, ឆ្នោតសន្លឹក, និងឆ្នោតឡូតូ ដែលមាននៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយនោះ គឺមានច្បាប់អនុញ្ញាតឱ្យប្រជាពលរដ្ឋលេងបានដោយស្របច្បាប់ ។ ព្រោះវាជាប្រភេទល្បែងផ្សងសំណាង វាមិនមិនជារឿងស៊ីសង វាមិនមែនជារឿងភ្នាល់ វាមិនមែនជារឿងកាស៊ីណូ តែបើវាជារឿងស៊ីសង វាជារឿងភ្នាល់ ឬវាជារឿងកាស៊ីណូវិញនោះ គឺយើងមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរលេងទេ ។
ឯកឧត្តម រស់ ភីរុណ បានគូសបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានកិច្ចប្រជុំថ្ងៃនេះ ដែលមានការចូលរួមពិភាក្សារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលជាអ្នកមានអាជ្ញាប័ណ្ណ ក្នុងការប្រកបអាជីវកម្មល្បែងផ្សងសំណាងរួមមាន៖ ឆ្នោតកោស, ឆ្នោតសន្លឹក, និងឆ្នោតឡូតូជាដើម ដើម្បីឱ្យពួកគាត់អនុវត្តន៍ឱ្យត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ ទៅតាមបទបញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធជាធរមាន ។ ដោយត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល ដែលចង់ឱ្យវិស័យនៃល្បែងផ្សងសំណាងនេះ ក្លាយទៅជាផ្នែកមួយដែលស្ថិត នៅក្រោមការគ្រប់គ្រងដ៏ត្រឹមត្រូវ មិនបង្កផលប៉ះពាល់ដល់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយចូលរួមចំណែកដល់ការបង្កើតការងារ ការផ្តល់នូវចំណូល រួមទាំងការរួមវិភាគទានផ្សេងទៀត ទៅក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា ៕ប្រភពអាកាប៉េ