ភ្នំពេញ៖ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យម្នាក់ឈ្មោះ ចាន់ ធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីតនៅស្រុកត្រាំកក់ ខេត្តតាកែវ ប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សុខ សំណាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីឈ្មោះ សុខ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាប្អូនបង្កេីតជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុ បងស្រីរបស់ខ្លួនបានទុកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1X-8509 នៅមុខបន្ទប់ជួល។
បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ដេីរចូលទៅអូសម៉ូតូបំណងជិះចេញ តែភ្លាមនោះរូបខ្លួនក៏មកទាន់ឃេីញដូចនេះក៏សួរថា បងយកម៉ូតូខ្ញុំទៅណា? បន្ទាប់មកជនសង្ស័យក៏វាយរូបខ្លួនមួយដៃ រួចព្យាយាមរត់គេចខ្លួនទេីបខ្លួនស្រែកថា ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយដេញចាប់ឃាត់ខ្លួនបានភ្លាមៗនិងរកឃេីញដែកសម្រាប់កាច់សោ.កម៉ូតូមួយឈុតទៀតផង ហើយក៏បានប្រគល់ជូនសមត្ថកិច្ចតែម្តង។
មុនពេលកេីតហេតុជនសង្ស័យនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JV-0476 មកទុកឱ្យគាត់លាង រួចដេីរចេញទៅបាត់ទៅ។ លុះមួយសន្ទុះក្រោយមកទេីបមានការភ្ញាក់ផ្អេីលថា ជនសង្ស័យខាងលេីលួចម៉ូតូគេ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕