សម្ដេច​តេជោ ហ៊ុន សែន​៖ សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​

(​ភ្នំពេញ​)៖ ក្នុង​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៦ នៅ​ខេត្ត​បាត់ដំបង សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា ភាព​សម្បូរ​បែប​នៃ​សក្ដានុពល​ទេសចរណ៍ តាម​ដង​ទន្លេ បាន​និង​កំពុង​រួមចំណែក​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកប​ដោយ​ឧត្តមភាព និង​ភាព​ទាក់ទាញ​ខ្ពស់​។​

​សម្ដេច​តេជោ បាន​ថ្លែងថា សក្ដានុពល​នេះ​ក៏​បាន​ចូលរួម​ចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក និង​ប្រកបដោយ​ភាពកក់ក្ដៅ ស្របពេល​ដែល ទេសចរណ៍​តាម​ដង​ទន្លេ ជាពិសេស​ទេសចរណ៍​ទន្លេមេគង្គ បាន​ក្លាយ​ជា​ផលិតផល​ទេសចរណ៍​សំខាន់​មួយ​សម្រាប់​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​ផងដែរ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្តថា ទឹកទន្លេ​ជា​ប្រភព​នៃ​ការ​ចិញ្ចឹមជីវិត ជា​ទីកន្លែង​ដែល​បណ្ដុះបណ្ដាល និង​ពូន​ជ្រុំ​នូវ​វប្បធម៌ និង​អរិយធម៌​។ ទន្លេ​ជា​អំណោយ​ពី​ធម្មជាតិ បាន​ផ្សារភ្ជាប់​ប្រទេស​នានា​ដែល​ទទួលទាន​ទឹក​រួមគ្នា​ឱ្យ​ក្លាយជា​សហគមន៍​វាសនា​រួមគ្នា ប្រកប​ដោយ​សមភាព ភាពស្មោះត្រង់ និង​ស្និទ្ធស្នាល​ដូចជា​មនុស្ស​ក្នុង​គ្រួសារ​តែ​មួយ​។​

​ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ដែល​បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត ដែល​មិន​ត្រឹមតែ​ចូលរួមចំណែក ក្នុង​ការផ្សព្វផ្សាយ ពី​សក្ដានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការយកចិត្តទុកដាក់​អភិវឌ្ឍន៍​តំបន់​តាម​ដង​ទន្លេ ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ជាពិសេស​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ឈរ​លើ​ការប្ដេជ្ញាចិត្ត​រួម​មួយ​ច្បាស់លាស់ ក្នុង​ការរក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌​។​

​សូមជម្រាបថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្ត​បាត់ដំបង​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​១៣-១៥ ខែ​មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិសុខ ទន្លេ​នៃ​វិបុលភាព​»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *