ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ

(ត្បូងឃ្មុំ)  ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតក្នុងទីរួមខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ស្នងការខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។

បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការការនៃស្នងការដ្ឋាននគរខេត្ត បានធ្វើបទបង្ហាញ ផែនការសកម្មភាពក្នុងការការពារសណ្តាប់ធ្នាប់ សុខសុវត្ថិភាពក្នុងថ្ងៃប្រារព្ធពិធី អង្គប្រជុំទាំងមូល បានធ្វើការត្រួតពិនិត្យ ពិភាក្សា និង សម្រេច ជុំវិញទីតាំងត្រៀមប្រារព្ធពិធីរួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៏លើឡើងពីផែនការ និងការរៀបចំនានាយ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយ ប្រកបដោយសោភណ្ឌភាព និងសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងអ្នកចូលរួម នាថ្ងៃប្រារព្ធពិធីសម្ពោធនាពេលឆាប់ខាងមុខនេះ។ឯឧត្តមបណ្ឌិតអភិបាលខេត្ត បានណែនាំឲ្យមន្ទីរជំនាញ និង អង្គភាពពាក់ព័ន្ធ ដែលជាក្រុមការងារទាំងអស់ សូមធ្វើការសហការគ្នា ធ្វើយ៉ាងណាការពារឲ្យបានតឺងរឹងបំផុត ធានាសុខសុវត្ថិភាព សម្រួលការធ្វើចរាចរណ៍ជុំវិញទីតាំង ទប់ស្កាត់ទាំងសត្រូវដែលមើលឃើញដោយកងកម្លាំងទាំង០៣ និងជាពិសេសតាមដានពិនិត្យសុខភាពអ្នកចូលរួម ដើម្បីបង្ការការឆ្លងរីរាលដាលនូវមេរោគកូវីដ-១៩ ចំពោះអ្នកចូលរួមគ្រប់លំដាប់ថ្នាក់ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានច្បាស់លាស់ពិតប្រាកដថា អវិជ្ជមាន ជាមុនសិនទើបអាចចូលក្នុងទីប្រារព្ធពិធីបាន។

សូមជម្រាបថា មន្ទីរពេទ្យនេះបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយចំណាយថវិកាអស់ប្រមាណ៥០លានដុល្លាអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានផ្ទៃក្រឡាមន្ទីរពេទ្យទំហំ៥៥,៨១៤ ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារ មានទំហំ២៤,៣០០ ម៉ែត្រការ៉េ មានកំពស់២៤ម៉ែត្រ ចែកចេញជា០៥ជាន់ មានបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណជាង៤០០នាក់ ដែលជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ គ្រប់ដណ្តប់ប្រជាជនមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។

ជាមួយនឹងការសម្ពោធសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ ដូចគ្នានេះដែរ លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សាលារៀននេះ បានដាក់ឲ្យដំណើរការសិក្សា ជាបណ្តោះអាសន្ន ទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ ដោយមានអគារសិក្សាចំនួន២ខ្នង កំពស់ ០៣ជាន់ មាន៣៦បន្ទប់ អគារទីចាត់ការចំនួន០២ខ្នង ១០បន្ទប់ អគារស្នាក់នៅគ្រូបង្រៀន២ខ្នង ៤០បន្ទប់ មានសិស្សានុសិស្ស ៥៥៧នាក់ និងគ្រូបង្រៀនសរុប ១៨នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *